គ្មានការបង់ប្រាក់ ប្រើប្រាស់ផ្លូវជាតិលេខ ៤ (ដកស្រង់ពី ហ្វេសប៊ុក ថ្ងៃ ១៣ មករា ២០១៦)

ជនរួមជាតិជាទីស្រឡាញ់! កង្វល់ និងការព្រួយបារម្ភរបស់ប្រជាពលរដ្ឋ គឺជាកង្វល់ និងការព្រួយបារម្ភរបស់ខ្ញុំផ្ទាល់។ ជាពិសេស​ពលរដ្ឋ​ដែលរស់នៅតាមបណ្តោយផ្លូវជាតិលេខ ៤ និងប្រជាពលរដ្ឋទូទាំងប្រទេសដែលធ្វើដំណើរឆ្លងកាត់​ផ្លូវ​នេះ​ទាំងអស់ គឺបានសំណូមពរមករាជរដ្ឋាភិបាល និងខ្ញុំផ្ទាល់ អំពីការពិបាកគ្រប់យ៉ាងក្នុងការ​បង់លុយ​សម្រាប់​ធ្វើ​ដំ​ណើរ​លើ​ផ្លូវ​ជាតិ​មួយនេះ។ ខ្ញុំបានស្តាប់ និងបានពិភាក្សាជាមួយរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ រដ្ឋមន្រ្តីក្រ​សួង​សាធារណការ និងដឹកជញ្ជូន ហើយនៅក្នុងថ្ងៃប្រជុំសភាថ្ងៃនេះ ក្នុងនាមខ្ញុំជានាយករដ្ឋមន្រ្តី គឺបាន​សម្រេចបញ្ឈប់មិនអោយយកលុយទាំងស្រុងពីអ្នកធ្វើដំណើរចាប់ពី ម៉ោង ១២ យប់ ថ្ងៃទី ១៣ មករា ២០១៦ នេះតទៅ។ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដកយកផ្លូវជាតិលេខ ៤ មកកាន់កាប់ទាំងស្រុងចាប់ពីពេលនេះតទៅ។ ដូច្នេះ ចាប់ពីពេលនេះតទៅ គឺទាំងពលរដ្ឋរស់នៅតាមបណ្តោយផ្លូវជាតិលេខ ៤ និងពលរដ្ឋអ្នកធ្វើដំណើរ​ទូ​ទាំង​ប្រទេសឆ្លងកាត់ផ្លូវនេះទាំងអស់ គឺមិនត្រូវបង់លុយតទៅទៀតឡើយ។ ខ្ញុំសូមអរគុណប្រជាពលរដ្ឋដែលតែងតែផ្តល់ព័ត៌មានពិត និងយោបល់ល្អៗមកខ្ញុំតាមរយៈគេហទំព័រ​ហ្វេស​ប៊ុករបស់ខ្ញុំ ដើម្បីយើងរួមគ្នាដោះស្រាយ និងកសាងអភិវឌ្ឍសង្គមជាតិអោយកាន់តែរីកចម្រើន​ខ្លាំងទៅ​មុខ​ ដើម្បីប្រជាពលរដ្ឋមានការងារ និងជីវភាពរស់នៅកាន់តែប្រសើរឡើង៕